យោងតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានបង្កើតឡើងជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន អ.ស.ហ. ក្នុងការលើកកម្ពស់ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ។
ប្រែក្លាយជាមជ្ឈមណ្ឌលដែលមានជវភាព សមត្ថភាព និងគុណវុឌ្ឍិ ក្នុងការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក។
“មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុបំពេញបេសកកម្មជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន អ.ស.ហ. លើការអភិវឌ្ឍនិងនវានុវត្តន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ អនុលោមតាមគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តធរមាន ព្រមទាំងឧត្តមានុវត្តន៍អន្តរជាតិ។”
រៀបចំនិងអនុវត្តផែនការសកម្មភាពរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
សិក្សាឧត្តមានុវត្តន៍អន្តរជាតិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ
រៀបចំនិងស្នើឡើងនូវផែនការមេសម្រាប់លើកស្ទួយនិងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ
គាំទ្រនិងផ្តល់យោបល់ជូន អ.ស.ហ. លើការរៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិន្នាការទីផ្សារ គំរូអាជីវកម្មថ្មី សេវាកម្ម ផលិតផល រួមទាំងហានិភ័យពាក់ព័ន្ធ
ផ្សព្វផ្សាយបទប្បញ្ញត្តិថ្មីៗ ដែលទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ
សម្របសម្រួលនិងគាំទ្រដល់និយ័តករក្នុងការផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត ឬការទទួលស្គាល់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ
គាំទ្រដល់និយ័តករក្នុងការដាក់ឱ្យដំណើរការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Regulatory Sandboxes)
អនុវត្តការងារផ្សេងទៀត តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន អ.ស.ហ.។
ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
ប្រធានការិយាល័យអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ
ប្រធានការិយាល័យនិយ័តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ