ចម្ងល់ពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ
តើ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ត្រូវបានបង្កើតឡើងនៅឆ្នាំណា?
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ត្រូវបានបង្កើតដោយច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឆ្នាំ២០២១។ សាធារណជនអាចស្វែងរកបានព័ត៌មានបន្ថែមអំពី អ.ស.ហ. តាមរយៈអាសយដ្ឋានវេប fintech.fsa.gov.kh/aboutFsa?lang=kh ឬ fsa.gov.kh ។
តើអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានតួនាទីនិងភារកិច្ចអ្វីខ្លះ?
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានឯករាជ្យភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដែលត្រូវបានបង្កើតដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រងនិងការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្នុងគោលបំណងពង្រឹងនិងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ការត្រួតពិនិត្យ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជារួម អ.ស.ហ. បំពេញមុខងារជាបញ្ញត្តិករសម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមបញ្ចូលទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ។
តើ អ.ស.ហ. មាននិយ័តករនិងអង្គភាពក្រោមឱវាទចំនួនប៉ុន្មាន?
អ.ស.ហ. មានអង្គភាពក្រោមឱវាទជាសេនាធិការចំនួន៨ គឺ(១)-អគ្គលេខាធិការដ្ឋាន, (២)-និយ័តករធានារ៉ាប់រងកម្ពុជា, (៣)-និយ័តករមូលបត្រកម្ពុជា, (៤)-និយ័តករសន្តិសុខសង្គម, (៥)-និយ័តករបរធនបាលកិច្ច, (៦)-និយ័តករគណនេយ្យនិងសវនកម្ម, (៧)-និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និង(៨)-អង្គភាពសវនកម្មផ្ទៃក្នុង។
តើនិយ័តករនិងអង្គភាពក្រោមឱវាទ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ណាខ្លះ ដែលមានសមត្ថកិច្ចគ្រប់គ្រងនិងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ?
និយ័តករនិងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដែលមានសមត្ថកិច្ចគ្រប់គ្រងនិងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ រួមមាននិយ័តករក្រោមឱវាទទាំងប្រាំមួយ (និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករមូលបត្រកម្ពុជា, និយ័តករសន្តិសុខសង្គម, និយ័តករបរធនបាលកិច្ច, និយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ) ដែលគ្រប់គ្រងនិងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។
តើគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ មានចក្ខុវិស័យអ្វី?
ឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែង គឺអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនិងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក។
តើគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ មានគោលបំណងអ្វី?
គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ មានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និងការជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ, ភាពជឿទុកចិត្ត និងគុណភាពជីវិតរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល។
តើគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ មានគោលដៅអ្វីខ្លះ?
គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ មានគោលដៅដែលជាផ្នែកទាំង៤នៃដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (Cambodian FinTech Tree) គឺ(១)-ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល ដែលតំណាងដោយ “ដី”, (២)-ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ដែលតំណាងដោយ “ឫស”, (៣)-ការជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ ដែលតំណាងដោយ “ដើម” និង(៤)-ការជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលតំណាងដោយ “មែក”។
សម្រាប់ការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ តើរាជរដ្ឋាភិបាលកំណត់យកគោលការណ៍ធំៗចំនួនប៉ុន្មាន? អ្វីខ្លះ?
សម្រាប់ការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ រាជរដ្ឋាភិបាលកំណត់យកគោលការណ៍ធំៗចំនួន៣ គឺ(១)-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, (២)-ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង(៣)-ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។
ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា តើការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ប្រើប្រាស់អភិក្រមចម្បងចំនួនប៉ុន្មាន? អ្វីខ្លះ?
ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០៣៥ប្រើប្រាស់អភិក្រមចម្បងចំនួន៣ គឺ(១)-ការចាប់យក (Adoption) ដែលសំដៅដល់ការចាប់យកចំណេះដឹង, បទពិសោធ និងឧត្តមានុវត្តន៍អន្តរជាតិនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ; (២)-ការសម្រប (Adaptation) ដែលសំដៅដល់ការកែសម្របចំណេះដឹង, បទពិសោធ និងឧត្តមានុវត្តន៍អន្តរជាតិនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកម្ពុជាបានចាប់យក ដោយធ្វើយ៉ាងណាឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា; និង(៣)-ការធ្វើនវានុវត្តន៍បន្ថែម (Further Innovation) ដែលសំដៅដល់ការធ្វើនវានុវត្តន៍បន្ថែមទៅលើចំណេះដឹង, បទពិសោធ និងឧត្តមានុវត្តន៍អន្តរជាតិនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកម្ពុជាបានចាប់យកនិងកែសម្រប ប្រកបដោយគំនិតច្នៃប្រតិដ្ឋ ដើម្បីបង្កើតកាលានុវត្តភាពថ្មីៗក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
តើគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ មានវិធានការសរុបចំនួនប៉ុន្មាន?
គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ មានវិធានការសរុបចំនួន៥២ដែលក្នុងនោះការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផលមានចំនួន១៩វិធានការ, ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះមានចំនួន១២វិធានការ, ការជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រមានចំនួន១២វិធានការ និងការជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុមានចំនួន៩វិធានការ។
តើស្ថាប័នណាខ្លះដែលទទួលបន្ទុកអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨?
ការរៀបចំយន្តការអនុវត្តគោលនយោបាយ ផ្អែកលើយន្តការស្ថាប័នដែលមានស្រាប់ក្នុងវិស័យធនាគារនិងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនក្រោមការសម្របសម្រួលនិងការដឹកនាំដោយគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។ ស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ ត្រូវរៀបចំផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់និងរៀបចំផែនការថវិកាសម្រាប់ចំណាយលើការអនុវត្តផែនការសកម្មភាព ដែលត្រូវប្រើយន្តការប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ទន្ទឹមនេះ ស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ ចាំបាច់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវផែនការដែលបានដាក់ចេញនិងបង្ហាញនូវគណនេយ្យភាពនៃការប្រើប្រាស់ថវិកា។ ស្ថាប័នទទួលអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ រួមមានដូចខាងក្រោម៖
តើបច្ចេកវិទ្យាហិរញ្ញវត្ថុជាអ្វី?
យោងតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅដល់បច្ចេកវិទ្យានិងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ ទាំងវិស័យធនាគារនិងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ បង្កើតឡើងដើម្បីឱ្យមានការប្រើប្រាស់ ផ្ដល់ និងទទួលសេវាហិរញ្ញវត្ថុបានទូលំទូលាយ (ប្រកបដោយបរិយាបន្នកម្ម)។
តើបច្ចេកវិទ្យាគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុមានអ្វីខ្លះ?
បច្ចេកវិទ្យាគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ រួមមានជាអាទិ៍ បញ្ញាសិប្បនិម្មិត (Artificial Intelligence - AI), ម៉ាស៊ីនស្វ័យសិក្សា (Machine Learning - ML), ទិន្នន័យធំ (Big Data), បច្ចេកវិទ្យាក្លោដ (Cloud Computing), បច្ចេកវិទ្យាប្លុកឆេន (Blockchain Technology), កិច្ចសន្យាឆ្លាត (Smart Contract), បច្ចេកវិទ្យាប្រព្រឹត្តិកម្មភាសាធម្មជាតិ (Natural Language Processing – NLP), បច្ចេកវិទ្យាតថភាពនិម្មិត (Virtual Reality Technology – VR) និងបច្ចេកវិទ្យាវិភាគទិន្នន័យ (Data Analytics - DA)។
តើកម្ពុជាមានច្បាប់ស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុដែរឬទេ?
បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានច្បាប់ស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុនៅឡើយទេ ក៏ប៉ុន្តែកម្ពុជាមានច្បាប់និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនត្រូវបានរៀបចំដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីគតិយុត្តដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងការជំរុញបរិវត្តកម្មឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល, ពលរដ្ឋឌីជីថល, រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។
តើបច្ចេកវិទ្យាហិរញ្ញវត្ថុផ្តល់បច្ច័យវិជ្ជមានអ្វីខ្លះដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល?
តាមបទពិសោធនិងឧត្តមានុវត្តន៍អន្តរជាតិ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលដ៏រស់រវើក ដោយផ្តល់បច្ច័យវិជ្ជមានជាច្រើនដល់ (១)- ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, (២)-ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង (៣)-ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុអាចធ្វើប្រជាធិបតេយ្យកម្មការទទួលបាននូវសេវាហិរញ្ញវត្ថុ, ជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងលើកកម្ពស់គុណភាពនៃសេវាហិរញ្ញវត្ថុកាន់តែប្រសើរ ជាមួយនឹងការកាត់បន្ថយការចំណាយនិងពេលវេលា។ ក្នុងការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុជំរុញវិមជ្ឈការ និងការធ្វើពិពិធកម្មហិរញ្ញវត្ថុ, ការលើកកម្ពស់តម្លាភាព, ប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពនៃសេវាហិរញ្ញវត្ថុ និងការពង្រឹងអធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រមួយចំនួន។ ក្នុងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុទាមទារនូវការអភិវឌ្ឍបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Regulatory Sandbox), ការធ្វើពិពិធកម្មសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការជំរុញនវានុវត្តន៍ ឬ ធុរកិច្ចថ្មីបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬមន្ទីរពិសោធន៍នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការផ្ដួចផ្ដើមគំនិតនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀត។
តើបច្ចេកវិទ្យាហិរញ្ញវត្ថុអាចបង្កនូវហានិភ័យអ្វីខ្លះ?
ទោះបីជាបច្ចេកវិទ្យាហិរញ្ញវត្ថុនាំមកនូវបច្ច័យវិជ្ជមានជាច្រើន ប៉ុន្តែវាក៏អាចនាំមកនូវហានិភ័យមួយចំនួនផងដែរ រួមមានជាអារទិ៍៖
តើនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុមានបញ្ហាប្រឈមអ្វីខ្លះ?
យោងតាមការស្រាវជ្រាវ នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុប្រឈមនឹងកត្តាមួយចំនួនដែលនាំឱ្យបន្ថយល្បឿននវានុវត្តន៍ រួមមានជាអារទិ៍៖
តើបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាមាន២ប្រភេទគឺបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារនិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ក្នុងនោះ បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារស្ថិតនៅក្រោមសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ដែលរួមមានជាអាទិ៍ការទូទាត់សងប្រាក់ឌីជីថល, ការសន្យំប្រាក់ឌីជីថល និងការផ្ទេរប្រាក់ឌីជីថល។ រីឯ បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដែលមាននិយ័តករក្រោមឱវាទចំនួន៦និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការ ដែលរួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រង (បច្ចេកវិទ្យាធានារ៉ាប់រង), បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ, បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យសន្តិសុខសង្គម, បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច, បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យគណនេយ្យនិងសវនកម្ម, បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យអចលនវត្ថុនិងបញ្ចាំ និងបច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀត។
តើបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជាអ្វី?
យោងតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Regulatory Sandbox) គឺជាបរិស្ថានសម្រាប់ឱ្យគ្រឹះស្ថានបច្ចេកវិទ្យាហិរញ្ញវត្ថុសាកល្បងនូវសេវានិងផលិតផលរបស់ខ្លួនជាមួយនឹងអតិថិជនពិតប្រាកដ ប៉ុន្តែក្នុងទំហំនិងរយៈពេលកំណត់មួយមុននឹងធ្វើការដាក់ចេញនិងការជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយ។
តើអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដែរឬទេ?
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចេញសេចក្តីប្រកាសលេខ ០៣៧ អ.ស.ហ.ប្រក ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានគោលបំណងកំណត់អំពីក្របខណ្ឌគ្រប់គ្រងការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់និយ័តករពាក់ព័ន្ធក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងគោលដៅជំរុញការចាប់យក ការសម្រប និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យានៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ យោងតាមប្រកាសនេះ និយ័តករពាក់ព័ន្ធក្រោមឱវាទ អ.ស.ហ. ត្រូវដាក់ចេញនូវគោលការណ៍ណែនាំស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកំណត់អំពីគោលដៅ គោលការណ៍ លក្ខខណ្ឌវិនិច្ឆ័យ នីតិវិធីនៃការដាក់ពាក្យស្នើសុំ លក្ខខណ្ឌតម្រូវសម្រាប់ការអនុញ្ញាតចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ កាតព្វកិច្ចក្នុងដំណាក់កាលសាកល្បង កាតព្វកិច្ចបន្ទាប់ពីដំណាក់កាលសាកល្បង និងព័ត៌មានដែលត្រូវផ្ដល់ជូននិយ័តករ សំដៅធានាបាននូវការគ្រប់គ្រង និងការត្រួតពិនិត្យលើការសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលស្ថិតក្រោម ឬអាចនឹងស្ថិតក្រោមនិយ័តកម្មរបស់និយ័តករពាក់ព័ន្ធក្រោមឱវាទ អ.ស.ហ.។
ទន្ទឹមនេះ និយ័តករមូលបត្រកម្ពុជាបានចេញគោលការណ៍ណែនាំលេខ០០៩/២៣ ន.ម.ក/គ.ណ.ន. ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ ជំនួសគោលការណ៍ណែនាំលេខ ០០១/២២ ន.ម.ក./គ.ណ.ន. ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។ គោលការណ៍ណែនាំថ្មីនេះកំណត់អំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំការអនុញ្ញាត សុពលភាពនៃការអនុញ្ញាត គោលដៅ គោលការណ៍ លក្ខខណ្ឌវិនិច្ឆ័យវាយតម្លៃ អញ្ញត្រកម្មបទប្បញ្ញត្តិ កាតព្វកិច្ចក្នុងដំណាក់កាលសាកល្បង កាតព្វកិច្ចបន្ទាប់ពីដំណាក់កាលសាកល្បង ការចាកចេញពីបរិស្ថានសាកល្បង ការដកហូតការអនុញ្ញាត ការអនុវត្តវិធានការផ្សេងទៀត និងកម្រៃ។
លើសពីនេះ និយ័តករធានារ៉ាប់រងកម្ពុជាក៏បានចេញគោលការណ៍ណែនាំលេខ០០២ ន.ធ.ក./សណន ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាធានារ៉ាប់រង ដើម្បីជំរុញនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យធានារ៉ាប់រងឱ្យកាន់តែសម្បូរបែប។ គោលការណ៍ណែនាំនេះកំណត់អំពីគោលដៅ ប្រភេទបច្ចេកវិទ្យាធានារ៉ាប់រងដែលអាចសាកល្បង នីតិវិធីនៃការដាក់ពាក្យស្នើសុំការអនុញ្ញាត កាតព្វកិច្ចក្នុងដំណាក់កាលសាកល្បង ការពន្យារយៈពេលសាកល្បង ការដកហូតការអនុញ្ញាត ការបញ្ឈប់ និងការចាកចេញ និងកម្រៃ។
តើធ្វើដូចម្តេចដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ?
ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា សាធារណជនអាចតាមដានវេបសាយ/អាសយដ្ឋានវេប កាណាល់តេឡេក្រាម ឬហ្វេសប៊ុករបស់និយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឬក៏អាចតាមដានវេបផតថល (fintech.fsa.gov.kh) កាណាល់តេឡេក្រាម (t.me/fintechportalfsa) ឬហ្វេសប៊ុកផតថល (facebook.com/fintechportalfsa) របស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។
តើបច្ចុប្បន្ន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំឧបករណ៍គាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារអ្វីខ្លះ?
បច្ចុប្បន្ន ក្នុងការលើកកម្ពស់ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ជាសេនាធិការ បានរៀបចំឧបករណ៍គាំទ្រសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
សូមទំនាក់ទំនងមកកាន់ពួកយើងសម្រាប់រាល់ចម្ងល់ទាំងឡាយ