កម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

កម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាឧបករណ៍ការងារ គតិយុត្តដ៏មាន​សារៈសំខាន់​​សម្រាប់​ជំរុញ​ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដូចជាការគាំទ្រដល់បរិវត្តកម្មឌីជីថល តាមរយៈការផ្តល់វិភាគទានដល់ការធ្វើនិយ័តកម្ម, ការបញ្ជ្រាប ការយល់ដឹង​និង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​និង​សក្តិសិទ្ធិភាព​នៃ​ការអនុវត្ត​ច្បាប់​និង​លិខិតបទដ្ឋានគតិយុត្ត។ កម្រងនេះត្រូវបាន​រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែល​មាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជា​សេនាធិការ ដោយ​ប្រមូលផ្តុំ​ច្បាប់​និង​លិខិត​បទដ្ឋានគតិយុត្តជាធរមាន​ ដែល​ជា​អត្ថបទ​ច្បាប់ដើម​ ពាក់ព័ន្ធ​នឹងបច្ចេកវិទ្យា​ហិរញ្ញវត្ថុ ប្រកប​ដោយ​តក្ក​វិជ្ជាគតិយុត្ត ផ្អែក​លើ​មូលដ្ឋាន​កម្មវត្ថុ គតិយុត្ត​និង ​ឋានានុ-ក្រម​គតិយុត្ត និង​ការគិតគូរ​យ៉ាង​ល្អិតល្អន់​អំពី​ស្ថានភាព​ធរមាន​ប្បញ្ញត្តិ ដែល​ក្នុង​នោះ​មាន ការប្រើប្រាស់​វិធីសាស្ត្រ​ដែល​សិក្សាស្រាវជ្រាវ​ពី​ឧត្តមានុវត្តន៍ជាតិនិង​អន្តរជាតិ ​ព្រម​ទាំង​ប្រតិបត្តិ​ផងដែរ​ នូវ​អភិក្រម ៣ ​ប្រការ ​របស់ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ឧបនាយករដ្ឋមន្ត្រី ​គឺ “ការចាប់យក (Adoption), ការកែសម្រប (Adaptation) និងការធ្វើនវានុវត្តន៍បន្ថែម (Further Innovation)” សំដៅធ្វើឱ្យកម្រងនេះក្លាយជាឯកសាររស់ ដែលងាយធ្វើបច្ចុប្បន្នកម្មនិងងាយប្រើប្រាស់សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។